Site Header

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត “ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា”

  • Admin Page
  • July 06, 2026
  • Views 59

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារៀលថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ដោយមានការចូលរួមពីតំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

“ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ត្រូវបានរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមការសហការជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដោយបានធ្វើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា ដែលការសិក្សានេះបានបង្ហាញថា កម្ពុជាពិតជាមានសក្តានុពលក្នុងការបង្កើតសួនកសិឧស្សាហកម្មទាំងក្នុងទិដ្ឋភាពតម្រូវការ និងការផ្គត់ផ្គង់ ហើយសួននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មក្នុងរយៈពេលមធ្យម និងវែង ព្រមទាំងរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យកសិកម្ម ដោយទាក់ទាញវិនិយោគឯកជន ក្នុងគោលដៅជំរុញការកែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។ ដោយពិនិត្យឃើញនូវសារៈសំខាន់ទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តក្របខ័ណ្ឌនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ដើម្បីទាក់ទាញការវិនិយោគលើសួនកសិឧស្សាហកម្មដោយជោគជ័យ និងគ្រប់គ្រងការអភិវឌ្ឍឱ្យប្រព្រឹត្តិទៅដោយរលូន ត្រូវការយន្តការស្ថាប័នច្បាស់លាស់សម្រាប់ដឹកនាំ សម្របសម្រួល និងគ្រប់គ្រងការលើកទឹកចិត្តពិសេសឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ទិសដៅជាយុទ្ធសាស្ត្រលើការអភិវឌ្ឍសួនកសិឧស្សាហកម្ម។ ផ្អែកតាមក្របខ័ណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានប្រគល់តួនាទីជាយន្តការច្រកចេញចូលតែមួយក្នុងការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស រួមទាំងសួនកសិឧស្សាហកម្ម ដែលចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

img_20260706_182832_351

Recently Posts