Site Header

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រាប់អន្តរជាតិ ពីជំហររបស់កម្ពុជា ក្នុងការគាំទ្រ និងកំពុងរៀបចំផ្ដល់សច្ចាប័នលើ ពិធីសារបន្ថែមទី២ ដែលមានគោលបំណងលុបបំបាត់ទោសប្រហារជីវិត

  • Admin Page
  • July 06, 2026
  • Views 71

4697273494ca4bf29db782f234028c24
6a4b54a14120d
6f3dfc2906499330d7b7ccd8f1d9ec89
9e942f9c8f08b389c06597c40b1d3431

បារាំង៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ អញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៩ ស្ដីពីការលុបបំបាត់ទោសប្រហារជីវិត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សន្និសីទនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់មកពីប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន ១៩ ដោយមានអ្នកចូលរួមសរុបប្រមាណ ៧០០ រូប។ ក្នុងនោះ ក៏មានសុន្ទរកថាបើកដោយលោក Emmanuel Macron ប្រធានាធិបតីនៃប្រទេសបារាំង ផងដែរ។

ក្នុងវេទិកាអន្តរជាតិនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ជំហរយ៉ាងច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងកំពុងរៀបចំនីតិវិធីផ្ដល់សច្ចាប័នលើ ពិធីសារបន្ថែមទី២ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលមានគោលបំណងលុបបំបាត់ទោសប្រហារជីវិត។

លោកបានបញ្ជាក់ថា ការផ្ដល់សច្ចាប័ននេះ គឺជាជំហានដ៏សំខាន់មួយ ដែលស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងការអនុវត្តជាក់ស្ដែងរបស់កម្ពុជាអស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងមក។ ទន្ទឹមនឹងនេះ វាក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការលុបបំបាត់ទោសប្រហារជីវិត លើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។

បន្ទាប់ពីការផ្ដល់សច្ចាប័នលើពិធីសារបន្ថែមនេះ កម្ពុជា នឹងមានកាតព្វកិច្ចជាអន្តរជាតិ មិនអនុញ្ញាតឱ្យមានការបង្កើត ឬអនុវត្តទោសប្រហារជីវិតឡើងវិញនាពេលអនាគតឡើយ។

សូមជម្រាបថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតែ ២ ប៉ុណ្ណោះនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានលុបចោលទោសប្រហារជីវិត។ កម្ពុជាបានលុបទោសនេះតាំងពីឆ្នាំ១៩៨៩ ដោយមានការធានាទុកក្នុងរដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា ឆ្នាំ១៩៨៩ និងបន្តបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។ ការលុបបំបាត់ទោសប្រហារជីវិត ត្រូវបានចាត់ទុកជាគោលការណ៍រដ្ឋធម្មនុញ្ញ ដែលឆ្លុះបញ្ចាំងពីការគោរពសិទ្ធិរស់រានមានជីវិត សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបរិបទប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលធ្លាប់ឆ្លងកាត់សោកនាដកម្មរបបប្រល័យពូជសាសន៍ បណ្ដាលឱ្យប្រជាជនរាប់លាននាក់បាត់បង់ជីវិត៕

Recently Posts