Site Header

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាអធីបតីក្នុងពិធី «ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង» ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នឹងត្រូវប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន ៨

  • Admin Page
  • May 16, 2026
  • Views 7

6a0718576d5d1

 

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធីបតីក្នុងពិធី «ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង» ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)» នាពេលនេះ។

 

រថយន្តគិលានសង្គ្រោះទាំង ១០ គ្រឿងនេះ ជារថយន្តប្រភេទ Toyota Landcruiser ទំនើប (ស៊េរីឆ្នាំ២០២៥ (មានតម្លៃសរុប ៧១ម៉ឺនដុល្លារអាម៉េរិក) នឹងត្រូវប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន ៨ គឺ៖ ខេត្តពោធិ៍សាត់ កោះកុង ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង និងសៀមរាប ដើម្បីបម្រើឱ្យសេវាដឹកជញ្ជូនអ្នកជំងឺ និងជនរងគ្រោះ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ឱ្យទទួលបានសេវាសង្គ្រោះបន្ទាន់បានទាន់ពេលវេលា និងចំនួន ២គ្រឿង នៅទីស្តីការក្រសួងសុខាភិបាល សម្រាប់អន្តរាគមន៍បន្ទាន់។

 

សមិទ្ធផលថ្ងៃនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាអាទិភាពគន្លឹះ នៃការអភិវឌ្ឍមូលធនមនុស្ស និងការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។ 

ក្រសួងសុខាភិបាលបាននិងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្មវិធីគោលនយោបាយ អាទិភាពទី១ ការបម្រើសេវាថែទាំសុខភាពឆ្ពោះទៅការគ្រប ដណ្តប់ ជាសកល និងវិធាន ការ គន្លឹះទី៣ ស្តីពីការលើកកម្ពស់គុណភាពវិស័យសុខាភិបាល តាមរយៈការពង្រឹងសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាប្រកប ដោយ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

សមិទ្ធផល និងវឌ្ឍនភាពនៃគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ បានរួមចំណែកជាសារវន្ត ដល់កិច្ចប្រឹងប្រែង និងការវិនិយោគធនធានជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល រួមទាំងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីត្រៀមនិងឆ្លើយតបទាន់ពេល ប្រកប ដោយប្រសិទ្ធភាព ចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ ខណៈដែលគ្រោះអាសន្នសុខភាពសាធារណៈ ដូចជាការលេចឡើងថ្មី និងការលេចឡើងសាជាថ្មីនៃជំងឺឆ្លង ហានិភ័យសុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាពតែមួយ ដែលនៅតែបន្តការគម្រាមកំហែងដល់សុខភាពប្រជាជន។ ការគាំទ្រនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លង និងពង្រឹងសន្តិសុខសុខភាពក្នុងតំបន់។

 

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់រថយន្តគិលានសង្គ្រោះទាំងនេះ សម្រាប់តែបម្រើផលប្រយោជន៍អ្នកជំងឺ និងសេវាសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ ត្រូវមានកាលវិភាគថែទាំ ឱ្យបានទៀងទាត់ ដើម្បីធានាការបម្រើសេវាសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ

037cb84bd8c5cfe690d5d108d89bc820
08146f554314299035eb29ad044542d7
e172d17e40cb2d9f032185d9ea7aed01
2d9d30ed6fae40ec44a0ae306480f1c9
Recently Posts