Site Header

រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបន្តយកចិត្តទុកដាក់អនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបជាលក្ខណៈប្រព័ន្ធ ឱ្យបានកាន់តែរស់រវើកប្រសើរឡើង នៅគ្រប់រាជធានី-ខេត្ត

  • Admin Page
  • March 26, 2026
  • Views 59

8a751726b425e4b2f346e0e0ecb247ed

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប»។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបានប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដើម្បីបម្រើសេវាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាជន និងកំពុងធ្វើនវានុវត្តន៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២៥ -២០៣៤។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តារដ្ឋមន្រ្តី បានជំរុញឱ្យក្រុមការងារបច្ចេកទេសស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៃគណៈកម្មការសម្របសម្រួល ដើម្បីពង្រឹងគុណភាពថែទាំ ព្យាបាល និងលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់សមាជិកអង្គពិធី ដើម្បីធ្វើឱ្យកាន់តែទទួលបាននូវលទ្ធផលប្រសើរឡើងនៃមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប៖
១) ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាប្រព័ន្ធឱ្យកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី ខេត្ត។
២) នីតិវិធីប្រតិបត្តិស្តង់ដាដែលបានធ្វើរួចមកហើយនេះ ត្រូវបញ្ចប់ជាផ្លូវការ និងដាក់ឱ្យប្រើប្រាស់ភ្លាមៗ នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងវិស័យឯកជនផងដែរ។
៣) អនុវត្តប្រព័ន្ធ ពិនិត្យតាមដាន (ចងក្រងជាក្រុមតេឡេក្រាម) សុខភាពស្ត្រីមានផ្ទៃពោះ ស្ត្រីក្រោយសម្រាល និងទារកទើបនឹងកើត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រគល់នូវម៉ាស៊ីន CTG (តាមដានការកន្ត្រាក់ស្បូន និងចង្វាក់បេះដូងទារកក្នុងផ្ទៃ) ដល់មន្ទីរសុខាភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា ថៃ។ ម៉ាស៊ីន CTG មានមុខងារអាចកំណត់អត្តសញ្ញាណទារក ដែលអាចខ្វះអុកស៊ីសែន (hypoxia) ដើម្បីណែនាំការ វាយតម្លៃបន្ថែមអំពីសុខុមាលភាពទារកក្នុងផ្ទៃ ឬកំណត់ថាតើទារកត្រូវសម្រាលកូនដោយវិធីវះកាត់ ឬ សម្រាលតាមទ្វារមាស ដោយឧបករណ៍ជំនួយផ្សេងៗ។

សូមជម្រាបថា សិក្ខាសាលានេះមានគោលបំណង ដើម្បីចែករំលែក និងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពដែលសម្រេចបានរហូតមកដល់ពេលនេះ ក្នុងការអនុវត្ត ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៅទូទាំងប្រទេស។ សិក្ខាសាលានេះ បានកំណត់នូវការពិភាក្សា និងអនុវត្តផែនការសកម្មភាព រួមមាននីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីគភ៌ដែលមានហានិភ័យខ្ពស់ និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH) ជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីដោះស្រាយគម្លាតសេវាកម្ម ដែលបានកំណត់ដោយខេត្តនីមួយៗ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ

8efadea351c252760cc53ee0bcbf5a4a
e7debe719862152d5c9c40fb519d42d1
ed9d44d9fb70a4108d1eaac097ea73e7
f6a581b652aa25b247769a14dcebefc7
Recently Posts